អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកល៖ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ បញ្ចប់ដោយលទ្ធផលល្អប្រសើរខ្លាំង

CAMSOC-ភ្នំពេញ៖ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គូសបញ្ជាក់ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលដំណើរ២៣-២៦ ខែធ្នូ នេះថា បានបញ្ចប់ជាមួយនិងលទ្ធផលល្អប្រសើរយ៉ាងខ្លាំង។

 

លោកបន្ថែមថា ចំនួនកីឡាករ កីឡាការិនី ដែលចូលរួមឆ្នាំនេះកើនឡើងច្រើនរហូតដល់១០៤នាក់ ដែលចំនួននេះ កើនឡើងជាង ៣ដង ដោយកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងបរិបទជំងឺកូវីដ-១៩ ដែលរីករាលដាលខ្លាំងនោះ មានកីឡាករ កីឡាការិនីចូលរួមត្រឹម៤០នាក់ប៉ុណ្ណោះ។

ងាកទៅលើកម្រិតគុណភាពបច្ចេកទេសនៃការប្រកួតវិញ ត្រូវបានលោកអគ្គលេខាធិការរូបនេះថា ក៏កើនឡើងល្អជាងឆ្នាំមុនខ្លំាងដែរ ដោយក្នុងនោះ ការប្រកួតសន្លប់របស់កីឡាករមានការកាត់បន្ថយច្រើន ដោយសារកម្រិតគុណភាពបច្ចេកទេស មានភាពប្រហាក់ប្រហែលគ្នាច្រើន។

 

លោក ប៊ុយ សុភ័ណ្ឌ លើកឡើងទៀតថា ឆ្នាំនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ទទួលបានការឧបត្ថម្ភគាំទ្រច្រើនដែរ ពីបណ្តាសប្បុរសជននានា ដែលទឹកប្រាក់ទាំងនេះ បានផ្តល់ជូនបន្ថែមដល់កីឡាករ កីឡាការិនី ក្រៅអំពីប្រាក់រង្វាន់គោល ដែលទទួលបានពីក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយនិងការផ្តល់ការគាំទ្រ ដើម្បីឲ្យសហព័ន្ធបន្តដំណើរការអភិវឌ្ឍវិស័យកីឡាប្រដាល់សកលបាន គឺសហព័ន្ធកាន់តែមានទឹកចិត្តបន្ថែម ក្នុងការជំរុញឲ្យផែនការអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅស៊ីហ្គេម ២លើកចំពោះមុខ គឺការប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាទៀតផង៕

ប្រភពរូបភាព៖@YuenPunlue