លីគកំពូលកម្ពុជា ផ្អាកការប្រកួត ២ របស់វិសាខា និង ទ័ព ដើម្បីការពារពីកូវីដ ១៩

កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ មានព័ត៌មានបែកធ្លាយថា មានបុគ្គលិកប្រធានផ្នែកម្នាក់ នៃក្លិបបាល់ទាត់ដ៏ធំមួយនៃលីគកំពូលកម្ពុជា បានរកឃើញវិជ្ជមានកូវីដ ១៩ ។
ព័ត៌មាននេះបានធ្វើឱ្យក្លិបបាល់ទាត់នោះ ត្រូវធ្វើការជាបន្ទាន់ក្នុងការតេស្តិ៍រកមេរោគមួយនេះ ដោយធ្វើការយកសំណាកពីបុគ្គលិកក្លិបទាំងអស់ ។ មកទល់នឹងពេលនេះ លទ្ធផលតេស្តិ៍ទាំងអស់នៅមិនទាន់ចេញនៅឡើយទេ ។ ជៀសវាងនូវការរង់ចាំក៏ដូចជាមន្ទិលសង្ស័យនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា បានធ្វើសេចក្តីប្រកាសមួយជាបន្ទាន់ ដោយផ្អាកការប្រកួតចំនួន ២ នៃសប្តាហ៍ទី ២ នេះ ដែលជាការប្រកួតដែលពាក់ព័ន្ធនឹង ក្រុមវិសាខា និង ទ័ព ដែលបានប្រកួតគ្នាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ គួរឱ្យដឹងដែរថា ការប្រកួតទាំង ២ ដែលសុទ្ធតែធ្វើឡើងនៅរាជធានីភ្នំពេញនេះ ត្រូវបានលើកទៅធ្វើនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ វិញ ក្រោមមូលហេតុដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលបន្ត និង កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺមួយនេះ ៕ ប្រភព៖ cncc