ស្ទើរស្រក់ទឹកភ្នែក ពេលអានសារដែល Félix ផ្ញើរជូនកម្ពុជា ជាលើកចុងក្រោយមុននឹងចាកចេញ

0
6324

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១–សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១នេះថា FFC និងលោក Keisuke Honda រួមជាមួយនឹងសហការីរបស់គាត់បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិទាំងឈុតធំ និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ តែ Félix Dalmas នឹងមិនបន្តក្នុងបេសកម្មនេះឡើយ ។

ក្រោយពីលាលែងពីជម្រើសជាតិកម្ពុជា លោកបានបញ្ជេញសារមួយផ្ញើរជូនប្រជាជនកម្ពុជា ដែលមានអត្ថន័យជាភាសាខ្មែរដូចតទៅ ៖

សារពី

Felix G. Dalmas
ជួបអ្នកឆាប់ៗប្រទេសកម្ពុជា
សួស្តីអ្នកទាំងអស់គ្នា ប្រហែលជាអ្នកទាំងអស់បានលឺហើយ ខ្ញុំនឹងមិនអាចបន្តក្នុងនាមជាគ្រូបង្វឹកទៀតទេដោយសារតែបញ្ហាផ្ទាល់ខ្លួនមួយចំនួនរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំជឿជាក់ថាលោកគ្រូហុងដានឹងនៅតែបន្តការដឹកនាំដ៏ល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។
ក្នុងនាមជាគ្រូបង្វឹកនិងជាអ្នកដឹកនាំនៃក្រុមជម្រើសជាតិកម្ពុជា វាគឺជាកិត្តិយសដ៏អស្ចារ្យបំផុតមួយ ក្នុងជីវិតរបស់ខ្ញុំ។ អស់រយៈពេលពីរឆ្នាំមកនេះ ខ្ញុំមានក្រុមការងារបច្ចេកទេសកម្ពុជាដ៏អស្ចារ្យមួយ ហើយមានមនុស្សអស្ចារ្យជាច្រើនទៀតដែលនៅពីក្រោយការប្រកួតរបស់ពួកយើង ពួកគេបានធ្វើការយ៉ាងខ្លាំងនិង បានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តសម្រាប់ក្រុម។ ខ្ញុំបានធ្វើការងារជារៀងរាល់ថ្ងៃជាមួយកីឡាករ គ្រូបង្វឹករបស់ក្លិបអាជីពនានា ហើយក៏មានម្ចាស់ក្លឹបទាំងនោះផងដែរ ពួកគេបានគាំទ្រខ្ញុំយ៉ាងខ្លាំងដើម្បីចង់ឱ្យប្រទេសកម្ពុជា និងកីឡាកររបស់យើងកាន់តែមានភាពរីកចម្រើន។ ការធ្វើការងារសហការជាមួយពួកគាត់វាពិតជាពិសេសពិសាលណាស់សម្រាប់ខ្ញុំ។
ខ្ញុំក៏សូមសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda ដែលបានផ្តល់ការជឿទុកចិត្តមកលើរូបខ្ញុំ ហើយបានផ្តល់ឱកាសឱ្យខ្ញុំក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែជឿជាក់លើទស្សនៈវិស័យបាល់ទាត់ និងគាំទ្រដល់ក្តីសុបិន្តរបស់ពួកយើងក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់យុគសម័យថ្មីនៃបាល់ទាត់កម្ពុជា។
ជូនចំពោះកីឡាករទាំងអស់គ្នា ខ្ញុំមានតែពាក្យអរគុណប៉ុណ្ណោះដល់អ្នកទាំងអស់គ្នា ដែលពួកយើងបានធ្វើតាមការណែនាំរបស់ខ្ញុំដោយអស់ពីចិត្ត ហើយបានបង្ហាញនូវឆន្ទះយ៉ាងម៉ោះមុតគ្រប់ការប្រកួតដើម្បីក្រុម។ អ្នកទាំងអស់គ្នាតែងតែព្យាយាមជម្នះជាមួយខ្លួនឯងជារៀងរាល់ថ្ងៃ និងព្យាយាមកែតម្រូវខ្លួនឯងទាំងនៅក្នុង និងក្រៅទីលាន។ ខ្ញុំបានមើលឃើញពីការលះបង់ដែលអ្នកទាំងអស់គ្នាបានធ្វើ និងការរីកចម្រើនដែលអ្នកទាំងអស់គ្នាសម្រេចបាន វាធ្វើឱ្យខ្ញុំជឿជាក់ថាប្រជាជនកម្ពុជា ក៏ដូចកីឡាករទាំងអស់ពិតជាអាចសម្រេចនូវក្តីសុបិនដ៏ធំរបស់ខ្លួនបាន ដើម្បីនាំប្រទេសមួយនេះឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងឆាកអន្តរជាតិ។
ក្នុងរយៈពេលតែពីរឆ្នាំប៉ុណ្ណោះ ពួកយើងបានបង្កើតមូលដ្ឋានគ្រឹះនៃរបៀបលេងមួយដែលមាន
សក្តានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះបានបង្ហាញរួចមកហើយនូវអ្វីដែលវាអាចសម្រេចបាននិងទទួលបានលទ្ធផលមិនគួរឱ្យជឿដូចជា៖
– ការឡើងដល់់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
– ការឆ្លងចូលវគ្គជម្រុះជុំទី២ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត)។
– និងការទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០១៩ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា។
អ្វីដែលសំខាន់ យើងបានផ្សាភ្ជាប់ទស្សនៈបាល់ទាត់ និងរបៀបនៃការលេងមួយ ដែលសម្គាល់ថានេះជារបៀបនៃការលេងរបស់កម្ពុជា។ នេះគឺជាអ្វីដែលខ្ញុំមានមោទនភាពបំផុត។
នៅពេលនេះ កម្ពុជាមានមូលដ្ឋានគ្រឹះ និងគន្លងផ្លូវនៃដំណើរការអភិវឌ្ឍក្រុមជម្រើសជាតិយ៉ាងច្បាស់លាស់។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលពួកយើងបានកសាង ហើយខ្ញុំជឿជាក់ថាជាមួយនឹងមូលដ្ឋានគ្រឹះនេះ ការបង្កើតប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជានឹងកើតមានឡើងជាច្រើនទៀតនាពេលអនាគត។
ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសដ៏អស្ចារ្យមួយនេះ។ ខ្ញុំនឹងតែងតែចងចាំ និងដឹងគុណដល់ប្រជាជនកម្ពុជាជានិច្ចចំពោះទឹកចិត្តដ៏ស្មោះសររបស់អ្នកចំពោះខ្ញុំ។ លើសពីនេះទៅទៀត ក្រៅពីការងារក្រុមជម្រើសជាតិ ខ្ញុំបានរស់នៅនិងធ្វើការជាមួយប្រជាជនកម្ពុជាផ្សេងទៀតជារៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យខ្ញុំមានបទពិសោធន៍យល់ដឹងផ្ទាល់ថាប្រទេសមួយនេះ មានមនុស្សអស្ចារ្យជាច្រើនដែលមានទេពកោសល្យ និងឧស្សាហ៍ព្យាយាមយ៉ាងខ្លាំង។
ចុងបញ្ចប់ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រទាំងអស់សម្រាប់ការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អ្នក។ អ្នកទាំងអស់គ្នា គឺជាចង្វាក់បេះដូងរបស់ក្រុម។ ហើយអ្នកទាំងអស់គ្នា គឺជាកីឡាករទី១២ របស់យើង។
ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយ យើងនឹងជួបគ្នាម្តងទៀត។
ពេលនេះ និងជាដរាប ផ្នែកមួយនៃបេះដូងរបស់ខ្ញុំគឺពណ៌ខៀវ និងពណ៌ក្រហម។ ខ្ញុំតែងតែជាអ្នកគាំទ្ររបស់កម្ពុជាជានិច្ច។
បាល់ទាត់តែងតែនាំយើងឱ្យនៅជាមួយគ្នាម្តងទៀត។
ពីគ្រូបង្វឹករបស់អ្នក
Felix
កម្ពុជា!!!! ស៊ូ ស៊ូ!!!!
“ទាំងអស់គ្នាដេីម្បីកម្ពុជា”
Loading...