ខ្សែប្រយុទ្ធ AEU រកបានហែតទ្រីក ឡើងឈរកំពូលតារាងអ្នកស៊ុតច្រើនជាងគេនៅ MCL

ខ្សែប្រយុទ្ធ Abee Ndjoo Hurber បានក្លាយជាម្ចាស់ Top Scorer ក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ ជាបណ្ដោះអាសន្ន ក្រោយធ្វើបានហ៊ែតទ្រីកពេលអាស៊ីអឺរ៉ុបយូណាយធីតឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា០ទល់នឹង៤ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា។ ៣គ្រាប់របស់កីឡាករជនជាតិកាមេរូនខាងលើមានន័យថា គេមាន៨គ្រាប់ វ៉ាផុតខ្សែប្រយុទ្ធអេស្ប៉ាញ Mika របស់ព្រះខ័នរាជស្វាយរៀងដែលមាន៧គ្រាប់។ ក្នុងការប្រកួតតទល់អគ្គិសនីកម្ពុជា Abee បានទាត់បញ្ចូលទីនាទីទី៥ និងជាគ្រាប់ទី១របស់ AEU ក្រោយពីការបញ្ជូនដោយ Samuel Ajayi Gbenga។ Gbenga ខ្លួនឯងក៏ទាត់បញ្ចូលទីក្នុងនាទី២១ មុនសាន ចំរ៉ុង បញ្ជូនយ៉ាងល្អទៅឲ្យ Abee បន្ថែមគ្រាប់ទី២។
ចប់វគ្គទី១ អាស៊ីអឺរ៉ុប នាំមុខ០ទល់នឹង៣។ ចូលដល់វគ្គទី២ អគ្គិសនីកម្ពុជាមានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ២ដង តែមិនចូលទាំង២ ដោយការទាត់ពីឈឿង វិស៊ីនុ ទាត់ផុតបង្គោល និងបាល់របស់សៀន សុភ័ក្ត្រា ត្រូវបានអ្នកចាំទី ពេជ្រ រ៉ូវិនយោធិន សង្គ្រោះបាន។ ឱកាសហ៊ែតទ្រីករបស់ Abee កើតឡើងក្នុងនាទី៧៣ ពេល Yuya Kuriyama បញ្ជូនយ៉ាងល្អ ហើយ Abee ក៏ទាត់ផ្ដាច់ចូលទីបានសម្រេច។ Abee ក៏ជាកីឡាករទី២ដែលធ្វើបានហ៊ែតទ្រីកក្នុងការប្រកួត Metfone Cambodian League 2021 បន្ទាប់ចាន់ វឌ្ឍនាកា ដែលស៊ុត៣គ្រាប់ពេលបឹងកេតឈ្នះព្រៃវែងអេហ្វស៊ី ១ទល់នឹង៣ នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា៕ អត្ថបទ៖ CNCC