ឯកឧត្តមបណ្ឌិត ថោង ខុន និងលោកជំទាវ ភឿង សកុណា ជួបពិភាក្សាគ្នា អំពីពិធីបើក-បិទ SEA Games 2023

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន CAMSOC បានចូលរួមកិច្ចប្រជុំចង្អៀតពិសេសមួយ ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេណារីយោរៀបចំពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម(SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។
May be an image of 2 people, people sitting and people standing
កិច្ចប្រជុំចង្អៀតពិសេស រវាងរដ្ឋមន្ដ្រីទាំងពីររូបនេះ បានធ្វើឡើងទៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយឯកឧត្តមបណ្ឌិត និងលោកជំទាវរដ្ឋមន្ដ្រី បានចូលរួមដឹកនាំអ្នកជំនាញវប្បធម៌ និងកីឡា ដើម្បីសម្រេចលើគ្រោងឆ្អឹងធំៗមួយចំនួន នៃកម្មវិធីបើក-បិទផ្លូវការ សម្រាប់ព្រឹត្តិការណ៍ SEA Games 2023 ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងសុបិន្ដ ៦៤ឆ្នាំមកហើយ។
May be an image of 2 people and people standing
ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានមានប្រសាសន៍ថា ក្នុងការរៀបចំស៊ីហ្គេមនេះ ការងារអ្វីៗសុទ្ធតែសំខាន់ទាំងអស់ ប៉ុន្តែគប្បីត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ឲ្យបានខ្លាំងលើការងារធំៗ ៣សំខាន់ ទី១-ពិធីបើក-បិទ ទី២-ការងារ Logistic និងបដិសណ្ឋារកិច្ច និងទី៣-ការងារហ្វឹកហាត់កីឡា ដើម្បីចូលរួមកការប្រកួតកីឡា។
ប៉ុន្ដែឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ការបង្ហាញនូវសក្តានុពលជាតិដ៏ធំ គឺលើពិធីបើកនេះហើយ។
May be an image of 1 person, sitting and indoor
រីឯលោកជំទាវរដ្ឋមន្ដ្រី បានលើកឡើងពីក្តីបារម្មណ៍មួយចំនួនថា បើពិនិត្យមើលគំរូទស្សនីយភាពដ៏ធំសម្បើម គេធ្លាប់ធ្វើរួចមកហើយ យើងហាក់នៅខ្វះចន្លោះ ដូចនេះត្រូវរៀបចំផែនការកម្មវិធីលម្អិត ពិនិត្យជាក់ស្តែងលើតម្រូវការធនធានមនុស្សសម្តែង ឧបករណ៍សម្ភារៈ សំលៀកបំពាក់ ឲ្យបានគ្រប់ជ្រុងជ្រោយ ទើបយើងដាក់ផែនការភាគីពាក់ព័ន្ធបំពេញតាមសេចក្តីត្រូវការហាត់សម្តែងបាន។ បើទោះបី វប្បធម៌យើងសំបូរបែបមិនចាញ់គេមែន តែយើងត្រូវចេះចម្រាញ់យកខ្លឹមនៃវប្បធម៌យើង បូកជាមួយជំនួយបច្ចេកវិទ្យា ទើបអាចក្លាយជាឈុតឆាកដ៏ធំ និងអស្ចារ្យទៅបាន»។
May be an image of 2 people, people sitting and people standing
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន័បន្ថែមថា «ផែនទស្សនីយភាពរបស់យើង គប្បីតម្រង់ឆ្ពោះទៅរកប្រធានបទរបស់យើង គឺ “កីឡារស់ក្នុងសន្តិភាព” គឺដំណើរជាតិខ្មែរមួយ ដែលបានធ្វើដំណើរលើផ្លួវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ តស៊ូលំបាកលំបិនគ្រប់បែបយ៉ាង ឆ្លងកាត់សង្គ្រាម វាលពិឃាដ ការរំដោះជាតិរហូតដល់មានថ្ងៃនេះ បើគ្មាននយោបាយ ឈ្នះឈ្នះ ប្រជាជនយើងមិនអាចរស់បានក្នុងសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះឡើយ។ នេះជាសច្ចធម៌ ប្រវត្តិសាស្ត្រនៃប្រជាជាតិយើង»។
សម្រាប់លទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានសម្រេចលើគ្រោងឆ្អឹងកម្មវិធីបើក មានដូចជាទស្សនីយភាព “ស្គរជ័យអរិយធម៌ខ្មែរ” “កម្មវិធីកីឡា” “ទស្សនីយភាពដំណើរជាតិកម្ពុជា” “របាំ ចម្រៀងប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីសន្តិភាព”។ល។ ក្នុងនោះទស្សនីយភាពធំ និងសំខាន់ជាងគេ គឺ “ដំណើរជាតិកម្ពុជា” ដែលត្រូវបង្ហាញពីការកកើតទឹកដីផង ការកសាងអង្គរ និងសម័យរុងរឿងចក្រភពអង្គរផង និងសក្តានុពលសម័យតេជោសែនផង។
ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ ខែឧសភា និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕