អង្គរថាយហ្គឺរស្មើអាស៊ីអឺរ៉ុប ខណៈអគ្គិសនី និងព្រៃវែងចែកពិន្ទុគ្នា

អង្គរថាយហ្គឺរនៅតែមិនទាន់ឈ្នះនៅឡើយទេក្នុងចំណោម៣ប្រកួតចុងក្រោយក្នុងក្របខណ្ឌ Metfone Cambodian League ក្រោយស្មើអាស៊ីអឺរ៉ុបយូណាយធីត២ទល់នឹង២ នៅ AEU Sports Park ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា។
ក្រុមភ្ញៀវមកពីសៀមរាបបាននាំមុខមុនដោយការទាត់បញ្ចូលទីពីឡុង ម៉េងហាវ នាទី១៩។ ចូលដល់វគ្គទី២ Abee Ndjoo បានទាត់បញ្ចូលទីដោយបាល់ហ្វ្រីឃីកឲ្យក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបតាមស្មើនាទី៦៦។ ខ្សែប្រយុទ្ធប្រេស៊ីល Eliel Da Cruz បានទាត់បាល់ពិន័យ១១ម៉ែត្រឲ្យថាយហ្គឺរនាំមុខម្ដងទៀតក្នុងនាទី៧៣។ គ្រាប់បាល់តាមស្មើរបស់ក្រុមលោក សុក វាសនា កើតឡើងក្នុងនាទី៨៣ ពេល Abee បញ្ជូនឲ្យ វ៉ាន់ វីត ទាត់បញ្ចូលទីយ៉ាងល្អ។ ដូច្នេះ៣ប្រកួតចុងក្រោយមកនេះនៅ MCL 2021 អង្គរថាយហ្គឺរ រកបានតែ១ពិន្ទុពីការស្មើ១ និងចាញ់២។ មួយគូទៀតនៅរសៀលថ្ងៃដដែល អគ្គិសនីកម្ពុជា និងព្រៃវែងអេហ្វស៊ីមិនអាចរកគ្រាប់បាល់បញ្ចូលទីគ្នាឡើយ ដោយលទ្ធផលនៅកីឡដ្ឋាន EDC គឺស្មើគ្នា០ទល់នឹង០៕ អត្ថបទ៖ CNCC