ឆឹង សុខផាន់ន្នី "៖ជាអ្នកតាកែវ ហើយបានលេងនៅគិរីវង់ គឺជាមោទកភាពមួយសម្រាប់ខ្ញុំ"

រយៈពេល៥ទៅ៦ឆ្នាំហើយដែល ខ្សែការពារ ឆឹង សុផាន់ន្នី បានចូលរួមក្រុមធំ គិរីវង់សុខសែនជ័យដែលជាក្លិបបាល់ទាត់កម្រិតអាជីព លើទឹកដីកំណើតខេត្តតាកែវរបស់ខ្លួនផ្ទាល់តែម្ដង។

គេថា ពិតជា សប្បាយចិត្តដែល បាន លេង ឲ្យ ក្លិបដ៏ធំប្រចាំខេត្ត និងអាច មានឱកាសបង្ហាញខ្លួន ក្នុងជម្រើសដំបូងញឹកញាប់ថែមទៀត ។

កីឡាករមានកំណើតនៅស្រុកទ្រាំងខេត្តតាកែវរំឭកថា បានផ្ដើមលេងបាល់ទាត់ជាលក្ខណៈកម្សាន្ដជាមួយមិត្តភក្ដិ ហើយក្រោយមកក៏បានចូលរួមការប្រកួតមហាជនក្នុងខេត្ត រហូតទទួល បានចំណាប់អារម្មណ៍ពី គិរីវង់សុខសែនជ័យ និងមានឱកាសចូលរួមក្រុមថ្នាលក្លិបនេះតែម្ដង។

ខ្សែការពារឆ្វេង  ឆឹង សុខផាន់ន្នី រៀបរាប់បែបនេះ "៖ ខ្ញុំលេងតាំងពីក្មេង លេងស៊ីលុយ ហើយក៏ធ្លាប់លេងពានមហាជនក្នុងខេត្ត។

ដល់ ពេលខាងគិរីវង់ឃើញក៏ទាក់ទងចូលហាត់ក្នុងក្រុមយុវជន។ ដល់ឆ្នាំ២០០៦ បានចូលលេងក្រុមធំប្រកួត League 2 រហូតដល់ឥឡូវ។ 

ខ្ញុំពិតជាមានមោទកភាពចំពោះខ្លួនឯងដែលបានលេងឲ្យខេត្តខ្លួនឯងហើយ បានបង្ហាញខ្លួនជម្រើសដំបូងច្រើនប្រកួតទៀត។ កាលពីនៅក្មេងធ្លាប់តែមើលគិរីវង់ហាត់ មិននឹកស្មានបានចូលក្រុម លេងបែបនេះទេ។ តាំងពីលេងនៅគិរីវង់ បានលេងញឹកញាប់អ៊ីចឹង  គេស្គាល់ច្រើន ជាពិសេសអ្នកចូលចិត្តបាល់តែម្ដង គេចាប់អារម្មណ៍ និងស្គាល់ ហើយមានអ្នកសុំថតជាមួយទៀត។ ខ្លះគេនិយាយថា បងលេខ១៤គិរីវង់តើ។ និយាយទៅសម្រាប់អ្នកចូលចិត្តមើលបាល់ ដឹងតែស្គាល់ខ្ញុំច្រើន។"

សុខផាន់ន្នី បន្ថែមថា ការលេងបាល់ទាត់បានជួយខ្លួនមានការងារមួយច្បាស់លាស់ និងប្រាក់ខែសមរម្យអាចផ្គត់ផ្គង់ខ្លួនឯងបាន។ ម្ចាស់អាវលេខ១៤បន្ថែមថា ដំបូងឡើយឪពុកម្ដាយរបស់គេមិនសូវពេញចិត្តប៉ុន្មានទេ ដោយគិតថា ពុំអាចរកប្រាក់ចំណូលបាន។ ប៉ុន្តែបន្ទាប់ពីបានដឹងថា ជាបាល់ទាត់កម្រិតអាជីពមានប្រាក់ខែច្បាស់លាស់ អ្នកទាំង ២ក៏លែងហាមឃាត់សុផាន់ន្នី។

ឆឹង សុខផាន់ន្នី មិនសូវបាត់មុខពីជម្រើស១១នាក់ដំបូងរបស់គិរីវង់សុខសែនជ័យ ឡើយ ចាប់តាំងពីឈានជើងចូលក្រុមធំ។ យ៉ាងណា សម្រាប់រដូវកាលនេះ ដោយសារតែមានបញ្ហារបួសកជើងអំឡុងការប្រកួតពានរង្វាន់មិត្តភាពនៅខេត្តព្រៃវែងកាលដើមឆ្នាំ២០២១នេះ គេទើបចូលលេងពេញម៉ោងបាន៤ប្រកួត និងប្ដូរចូលមួយប្រកួត៕

អត្ថបទ៖ CNCC