ប្រធានក្រុមភ្នំពេញហ្គាឡាក់ស៊ី រ៉េស រ៉ាវី "មិនបានលេងនៅ MCL តែបានប្រកួតពានសម្ដេចថ្នាក់ខេត្តក៏ពេញចិត្តដែរ"

រ៉េស រ៉ាវី គឺជាខ្សែបម្រើ និងជាប្រធានក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី ដែលបានចូលរួមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។

ក្នុងការលេងបាល់ទាត់រយៈពេល១១ឆ្នាំកន្លងមក ប្រធានក្រុមរូបនេះធ្លាប់ លេង នៅក្រុមខេត្តកណ្ដាល ប្រកួតក្របខណ្ឌ "ក១" ក៏ដូចជាខេត្តពោធិ៍សាត់ និង បាត់ដំបង ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ជាច្រើនឆ្នាំ។

មុនប្រលូកក្រុមតាមខេត្តនេះ រ៉ាវី ក៏ធ្លាប់ចំណាយពេលហ្វឹកហាត់ក្នុងក្រុម អាជីពមួយរយៈខ្លីដែរកាលឆ្នាំ២០១០ តែដោយសារមមាញឹកនឹងការសិក្សា ហើយឪពុកម្ដាយមិនពេញចិត្តផងនោះ គេបានសម្រេចចិត្តដកខ្លួនចេញវិញ។

ក្រោយមកកីឡាករមានកំណើតនៅខេត្តកណ្ដាលដដែលបានចូលលេងឲ្យក្រុមជម្រើសខេត្តកំណើតខ្លួនប្រកួតជើងឯកមហាជន "ក១" ដើម្បីយកកៅអីឡើងទៅកាន់ក្របខណ្ឌកំពូលកម្ពុជា Metfone Cambodian League តែបានបរាជ័យដោយសារអាស៊ីអឺរ៉ុបយូណាយធីត។ 

មួយឆ្នាំក្រោយមក ពោលបន្ទាប់ពីមានគ្រួសារក្នុងឆ្នាំ២០១៣ ខ្សែបម្រើរូបនេះបានផ្លាស់ទៅរស់នៅឯខេត្តបាត់ដំបង និង ចូលរួមជាមួយក្រុម Sporting Galaxy (បច្ចុប្បន្នភ្នំពេញហ្គាឡាក់ស៊ី)  ហើយក៏មានឱកាសជាប់ជម្រើសខេត្តបាត់ដំបងប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មិនតែប៉ុណ្ណោះ គេក៏បានចេញទៅប្រកួតពានរង្វាន់តាមខេត្តនានាទៀតដែរក្នុងក្រុមខេត្តបាត់ដំបង។ បន្ទាប់ពីចំណាយពេល៣ឆ្នាំក្នុងក្រុមបាត់ដំបង រ៉ាវី បានផ្លាស់ទៅ លេងតំណាងក្រុមខេត្តពោធិ៍សាត់ប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាបន្ត។ លុះដល់ឆ្នាំ២០២០ ទើបគេចូល រួមជាមួយ ភ្នំពេញហ្គាឡាក់ស៊ី និងប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តជាមួយក្រុមនេះលើកដំបូង។

រ៉េស រ៉ាវី ក៏មានបំណងប្រាថ្នាក្លាយជាកីឡាករ អាជីព មួយរូបដែរ ហើយក៏ធ្លាប់មានក្លិបមួយនៅ MCL ទាក់ទងថែមទៀត។ តែដោយសារកត្តាគ្រួសារ ទើបមិនអាចសម្រេចបាន ដោយឪពុកម្ដាយអនុញ្ញាតឲ្យលេងតែកម្រិតខេត្តប៉ុណ្ណោះ ព្រោះមិនត្រូវចំណាយពេលច្រើនដូចបាល់ទាត់អាជីព។ 

ប្រធានក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី អះអាងថា ទោះ មិនអាចឈានដល់ អ្វីដែលបានប៉ងប្រាថ្នា គេនៅតែសប្បាយចិត្ត ព្រោះអាចបានចូលរួមលេងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាការប្រកួតដ៏ធំមួយដែរ។ ក្រៅពីនេះ គេក៏បានឆ្លៀតជួយបណ្ដុះបណ្ដាល ក្មេងៗនៅខេត្តបាត់ដំបងទៀតផង។ នាពេលខាងមុខ ប្រសិនបើស្ថានភាពកូវីដ១៩ធូរស្បើយ គេនឹងឆ្លៀតពេល ជួយបង្ហាត់ក្មេងៗឯស្រុកកំណើតថែមទៀត៕

អត្ថបទ៖ CNCC