ក្រុមជម្រើសជាតិកម្ពុជា បានទៅដល់ទឹកដីម្ចាស់ផ្ទះសិង្ហបុរី ដើម្បីត្រៀមប្រកួត AFF Suzuki Cup ហើយ

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចេញដំណើរហើយ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 បន្ទាប់ពីក្រុមកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ក្នុងស្រុកបាន១សប្តាហ៍កន្លងមក។

 

ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 វគ្គចែកពូលនេះ មាន១០ក្រុម និងបែងចែកជាពីរពូល ដោយពូលA រួមមាន៖ ម្ចាស់ផ្ទះសិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ហ៊្វីលីពីន និងក្រុមទីម័រខាងកើត ខណៈពូល B មានដូចជា ក្រុមកម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ឡាវ, និងក្រុមវៀតណាម ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯកឆ្នាំ២០១៨។

សម្រាប់៤ប្រកួតរបស់កម្ពុជា គឺត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី មុនគេ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់មក ប៉ះជាមួយក្រុមឥណ្ឌូណេស៊ី នាថ្ងៃទី៩ ខែធ្នូ, បន្តប៉ះជាមួយក្រុមឡាវ នាថ្ងៃទី១៥ ខែធ្នូ និង១ប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូលB គឺប៉ះជាមួយក្រុមវៀតណាម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

 

លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាបញ្ជាក់ថា នៅក្នុងការហ្វឹកហាត់ក្នុងស្រុកគឺកីឡាករទាំងអស់ បានព្យាយាមធ្វើបានល្អ ហើយយើងនឹងបន្តហ្វឹកហាត់ដោយផ្ទាល់ជាមួយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបន្ថែមទៀត នៅពេលទៅដល់ប្រទេសសិង្ហបុរី។

«នៅក្នុងរយៈពេល៤ថ្ងៃ មុនជំនួបបើកឆាករបស់កម្ពុជា ជាមួយ ម៉ាឡេស៊ី យើងនឹងព្យាយាមធ្វើឲ្យបានល្អទៅតាមស្ថានភាពជាក់ស្តែង យើងនឹងរៀបចំឲ្យបានល្អសម្រាប់ការត្រៀមកម្មវិធីហ្វឹកហាត់ និងត្រៀមការប្រកួតបន្តបន្ទាប់។ ជាទូទៅ ក្រុមគ្រូបង្វឹក បានសិក្សាស្វែងយល់បច្ចេកទេសរបស់ក្រុមនានាដែលត្រូវប្រកួតជាមួយកម្ពុជា»។

 

លោកបន្ថែមទៀតថា «គ្រូបង្វឹកទាំងអស់ តែងតែប្រាថ្នាចង់បាន ក៏ដូចជាមានមហិច្ឆតា ឬឆន្ទៈជាមួយក្រុមទាំងមូល ដើម្បីទទួលបានលទ្ធផលល្អក្នុងកម្រិតណាមួយ។ សម្រាប់គូប្រជែងទាំង៤ នៅក្នុងពូល B ជាមួយក្រុមកម្ពុជា ខ្ញុំគិតថា ក្រុមទាំងអស់នោះ សុទ្ធសឹងតែជាក្រុមរៀបចំខ្លួនបានល្អ និងជាក្រុមខ្លាំងៗ នៅក្នុងពូលនេះ»។

 

ងាកមកការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាវិញ គ្រូជំនួយរូបនេះបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់ ដោយពួកគាត់បានព្យាយាមស្វែងយល់អំពីរបៀបរបបនៃការហ្វឹកហាត់ និងកលល្បិចនៃការលេង។ ជារួម គឺទាំងកីឡាករជើងចាស់ និងកីឡាករថ្មីៗ ដែលចូលរួមក្នុងក្រុមជម្រើសជាតិនាពេលនេះ គឺពួកគាត់ធ្វើបានល្អច្រើន ដើម្បីប្រជែងដំណែងក្នុងបេក្ខភាពជម្រើស១១នាក់ដំបូង។ «នៅក្នុងបាល់ទាត់ យើងមិនអាចនិយាយរឿងវ័យនោះទេ ពោលគឺនិយាយអំពីសមត្ថភាពនៃការលេង ដោយត្រូវផ្សារភ្ជាប់ជាមួយគុណសម្បត្តិផ្សេងទៀត រួមទាំងបទពិសោធន៍ អ្នកដឹកនាំលេង អ្នកដែលពូកែលើកទឹកចិត្តក្រុមជាដើម ដែលទាំងអស់នេះ ជាអ្វីដែលយើងចង់បានចូលរួមក្នុងក្រុម ដែលហៅថៅគុណផលរបស់ក្រុម ដែលមិនអាចអត់បាន»។

 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 នឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី៕

 

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពជា (FFC)