កាន់តែទាក់ទាញខ្លាំង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិ

 

CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ពីថ្ងៃទី២៣-២៦ ខែធ្នូ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស កាន់តែទាក់ទាញយ៉ាងខ្លាំង ជាពិសេសគឺការប្រកួតនៅល្ងាចថ្ងៃទី២៥ ខែធ្នូ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះតែម្ត។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គូសបញ្ជាក់ថា សម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបើកឲ្យអ្នកគាំទ្រចូលរួមទស្សនាដោយផ្ទាល់ នៅទីលានមានកំណត់ និងការទស្សនាតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ គឺមានការទាក់ទាញយ៉ាងខ្លាំង។

អ្វីដែលកាន់តែពិសេស ដើម្បីជំរុញឲ្យវិស័យកីឡាប្រដាល់សកលកម្ពុជា កាន់តែរីកចម្រើន និងបន្ថែមនូវការគាំទ្រពីមហាជន គឺសហព័ន្ធបានរៀបចំប្រាក់រង្វាន់លើកទឹកចិត្តគោល ដែលជាថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមេដាយមាស ទទួលបាន ៥០ម៉ឺនរៀល, មេដាយប្រាក់ ៤០ម៉ឺនរៀល ខណៈមេដាយសំរឹទ្ធ ទទួលបាន ៣០ម៉ឺនរៀល។

ក្រៅពីនេះ ក៏មានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ដែលកៀរគរបានពីសប្បុរសជននានា ជាពិសេសគឺលោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន CamEd និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដែលបានផ្តល់ប្រាក់រង្វាន់បន្ថែម សម្រាប់ជ័យលាភីមេដាយមាស ទាំង១០ប្រភេទទម្ងន់ ដោយម្នាក់ៗទទួលបាន ១០០ដុល្លារអាមេរិក។

ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ គ្រោងនឹងប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបំពាក់មេដាយប្រគល់ប្រាក់រង្វាន់ នៅក្នុងឱកាសបិទការប្រកួត នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ថា ឆ្នាំនេះ មានកីឡាករ កីឡាការិនីប្រដាល់សកល ចូលរួមសរុបចំនួន ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់ មកពី២១ក្លិប-សមាគម ដែលប្រកួតពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញ។

ចំនួននេះ បានកើនឡើងច្រើនជាង៣ដង បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន ដោយសារបញ្ហាការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩៕ ប្រភពរូបភាព៖@YuenPunlue